ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ ស្ថិតនៅចំណុចស្តុបវត្តច្បារអំពៅ លើផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសាក្សីឃើញហេតុការណ៍ បានប្រាប់អ្នកយកព័ត៌មាន GNtimes យើងឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-3317 (មានបិទរូប អង្គភាពសារព័ត៌មានដើម្បីខ្មែរ ជាប់ទ្វារទាំងសងខាង) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្តុបវត្តច្បារអំពៅ ស្រាប់តែទៅបុកឡើងខឿនពុះចែកផ្លូវ ហើយបន្តបុកបង្គោលផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មមួយដើម បណ្តាលឱ្យបាក់ទ្រេតរលេីងដល់គល់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឱ្យអ្នកបើកបររងរបួសនោះទេ ។
ភ្លាមៗគេឃើញលោកនាយប៉ុស្តិ៍ច្បារអំពៅទី២ ចុះទៅកន្លែងកើតហេតុ ឃាត់អ្នកបើកបររថយន្តដែលទំនងជាស្រវឹងឈរទប់ខ្លួនមិនចង់រួចនោះ ប្រគល់ឱ្យផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរតាមជំនាញ ។ រីឯរថយន្តបង្ក សមត្ថកិច្ចបានយករថយន្តទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕







