
នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជំនាញការបរទេស Mr. Steen Brunn Nielsen តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរបាយការណ៍សិក្សាបឋមស្តីពី “ការជំរុញការអនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣”។
កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងគោលបំណងផ្តល់ជាធាតុចូលរបស់ក្រសួងស្ថាប័នដែលពាក់ព័ន្ធទៅក្នុងរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ ។
លោកជំទាវរដ្ឋលេខាធិការ បានសំដែងការស្វាគមន៍ និងផ្តល់ធាតុចូលទាក់ទងទៅនឹងលំហូរការងាររបស់ក្រសួងសុខាភិបាល ចាប់តាំងពីដំណាក់កាលរៀបចំផែនការថវិកា រហូតដល់ដំណាក់ការអនុវត្តកិច្ចលទ្ធកម្ម ដែលជារួមក្រសួងសុខាភិបាលបានសម្រេចសមទ្ធិផលជោគជ័យជាច្រើនគួរឱ្យកត់សំគាល់។
លើសពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរទៅលើការដាក់ឱ្យប្រើប្រាស់ការអនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ថ្មីនេះ មិនមានជាបញ្ហារាំងស្ទះដល់ដំណើរការអនុវត្តកិច្ចការងារលទ្ធកម្មរបស់ក្រសួងសុខាភិបាលនោះទេ ពោលចំណុចសំខាន់ គឺត្រូវពង្រឹងទៅលើកត្តាចំនួន ០៤រួមមាន៖ ១) ធនធានមនុស្ស ២) ការបណ្តុះបណ្តាល ៣) ការគាំទ្រពីបុគ្គលិកជំនាញ ៤) សមត្ថភាពភាសាបរទេស ។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងលោកស្រីប្រធានអង្គភាពលទ្ធកម្មនៃក្រសួងសុខាភិបាល។







