សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយក្រុមការងារហានិភ័យពីអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន(CREWS) ដែលមានការចូលរួមពីប្រទេសជាសមាជិក និងប្រទេសអង្កេតការរបស់ CREWS ប្រមាណ ១៨ប្រទេស និងអង្គការដៃគូអនុវត្តគម្រោងដូចជា អង្គការឧតុនិយមពិភពលោក(WMO) ធនាគារពិភពលោក(WB) មូលនិធិសកលសម្រាប់ការកាត់បន្ថយ និងស្ដារគ្រោះមហន្តរាយ(GFDRR) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ(UNDRR)
ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបប្រាប់កិច្ចប្រជុំថា យើងចង់ឃើញវិស័យឧតុនិយមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងលើការព្យាករឧតុនិយមទាំងរដូវវស្សា និងរដូវប្រាំង ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យរួមមាន ធនធានទឹក កសិកម្ម ការដឹកជញ្ជូន អាកាសចរណ៍ បរិស្ថាន និងសុខភាពសាធារណៈ ជាពិសេស ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបាននូវការខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងជូនពរដល់ក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សមាជិក សមាជិកា គណៈប្រតិភូទាំងអស់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសឡាវ នាពេលបន្ទាប់ ដើម្បីស្វែងយល់ និងប្រមូលនូវធាតុចូល សំដៅរៀបចំផែនការ និងស្នើសុំគម្រោងសាកល្បងថ្នាក់តំបន់ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាត្រចះត្រចង់ ជាប្រយោជន៍ដល់ប្រជាជនងាយរងគ្រោះផងដែរ៕







