នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Expedito Loro Dias Ximenes រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសទីម័រឡេស្តេ ដើម្បីពិនិត្យលើ ការងារសហប្រតិបត្តិការលើវិស័យព័ត៌មាននិងការផ្សព្វផ្សាយរវាងក្រសួងព័ត៌មានកម្ពុជានិងទីម័រឡេស្តេ។
រដ្ឋមន្ត្រីនៃប្រទេសទីម័រឡេស្តេបានស្នើសុំកិច្ចសហការលើការផ្លាស់ប្តូរបទពិសោធនិងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានរបស់ទីម័រឡេស្តេមកកម្ពុជាដើម្បីសិក្សាស្វែងយល់ពីវិស័យព័ត៌មាននៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ និងបានត្រៀមខ្លួនក្នុងការសហការជាមួយប្រទេសទីម័រឡេស្តេ។ ភាគីទាំងពីរ ក៏បានជជែកពិភាក្សាលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល។







