ក្នុងអំឡុងពេលបំពេញបេសកម្មនៅខេត្តឧត្តរមានជ័យ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញធ្វើដំណើរទស្សនា ស្ពានកំពង់ក្តី ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ ។ ស្ពាននេះមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
ស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀម និងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។
តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។
ស្ពាននេះមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
ក្នុងខណៈនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏ ជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ចខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរ៕












