គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភានៃសាធារណរដ្ឋម៉ាឡេស៊ី
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសភានៃសាធារណរដ្ឋម៉ាឡេស៊ី

នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួប លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានសភាម៉ាឡេស៊ី ក្នុងពេលដែលលោកអញ្ជើញមកបំពេញទស្សន កិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។






សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ឯកឧត្តមប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវកិត្តិយសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានចូលរួម ជាសាក្សីនៃដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៧ ដែលកំពុងដំណើរការអោយកាន់តែមានភាពល្អប្រសើរឡើង។ 

លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបលោក ទោះបីជាសម្តេចកំពុងមមាញឹកយ៉ាងណាក៏ដោយ។ លោកប្រធានបាន កោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅពេលដែលលោកបានមកដល់ព្រលាន យន្តហោះ បើប្រៀបធៀបទៅកាលពី ២០ឆ្នាំមុនដែលលោកធ្លាប់បានមកឃើញកម្ពុជា។ ពេលនេះ កម្ពុជាកាន់តែមានភាពល្អប្រសើរ និងរីកចំរើនលូតលាស់ មានសំណង់អគារខ្ពស់ៗ និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែង ដែលរូបលោកស្ទើរតែមិនជឿថានេះគឺជាទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ 

លោកប្រធានសភាក៏បានរំលឹកកាលពីឆ្នាំ២០០០ ពេលនោះរូបគាត់បានធ្វើដំណើរទៅខេត្តកំពង់ចាម ជិះតាមផ្លូវរលាក់ប្រៀបដូចជាធ្វើដំណើរតាមទូកលើទឹកដែលមានរលកបក់បោកដូច្នេះដែរ។ ទន្ទឹមនឹងនេះដែរ លោកក៏បានអានសៀវភៅជាច្រើនអំពីប្រវត្តិរបស់ សម្តេច ហើយក៏បានយល់នូវ ដំណើរតស៊ូដ៏ស្វិតស្វាញ រួមទាំងឆ្លងកាត់ការលំបាកនានា ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេស ជាតិពីរបបខ្មែរក្រហម ដែលនៅទីបំផុតគឺបានដឹកនាំប្រទេសជាតិឲ្យរីកចម្រើន និងមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ានគួរអនុវត្តន៍និងរៀនសូត្រតាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍ប្រកបដោយភាព វិជ្ជមានរបស់លោកប្រធានសភាម៉ាឡេស៊ី និងបានគូសបញ្ជាក់បន្ថែមថា រូបសម្តេចផ្ទាល់បាន ខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តិឈឺចាប់និងបានកសាងប្រទេសពីបាតដៃទទេរ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើង ជាតិសាសន៍ សាសនា មានសិទ្ធិសេរីភាព មានលទ្ធិប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមាន កំណើនជាលំដាប់ បើទោះបីជាកម្ពុជាជួបប្រទៈនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់រួមទាំង ជំងឺរាតត្បាត កូវីដ១៩ និងបច្ចុប្បន្នសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនមួយដ៏ល្អ ពោលគឺកាលពីឆ្នាំ២០២២កន្លងមកកម្ពុជារក្សាបានកំណើនប្រមាណជាង៥% ហើយសង្ឃឹមថានិង រក្សាបានកំណើន ៥,៦% នៅក្នុងឆ្នាំ២០២៣។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថាកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺរក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធិសេរីភាព ទទួលបានការរីក ចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ផ្តល់នូវតួនាទីក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ ព្រមទាំងបានទទួលការហ្វឹកហ្វឺន ដែលបច្ចុប្បន្នបងប្អូនខ្មែរម៉ូស្លីមនៅកម្ពុជា ជាបញ្ញាវន្ត ដែលបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់នៅក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតផង។

ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ សម្តេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ដែល នាំមកនូវការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។ កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចនានា ពិសេសទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជាកាលពីដើម ឆ្នាំ២០២៣ ដែលបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកប្រធានសភានៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងក្របខណ្ឌអាស៊ាន ដែលភាគីទាំងពីរត្រូវជួយគ្នាទៅវិញទៅមក ជាពិសេស នៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការតភ្ជាប់រវាងបណ្តាញប្រទេស នានានៅក្នុងវិស័យថាមពល ដូចជាការប្រើប្រាស់ឡើងវិញនូវថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការលើការផលិតស្បៀង និងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ប្រកបដោយស្ថេរភាព។

សម្តេចតេជោបានបញ្ជាក់ផងដែរថា កន្លងមកអាស៊ានហាក់បានមើលទៅខាងក្រៅផ្ទៃក្នុងរបស់ខ្លួន ដែលជាសភាពការណ៍នៅក្នុសម័យកូវីដ១៩ ដែលបានជំរុញដល់បណ្តាប្រទេសាស៊ាន បែរមកគិតគូរ ក្នុងការទំនាក់ទំនងនិងការផ្លាស់ប្តូរជួយគ្នាទៅវិញទៅមកនៅក្នុក្របខណ្ឌអាស៊ាន។

ឆ្លៀតនៅក្នុងឱកាសនេះដែរ លោកប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ខាមុខនេះ៕

*** គ្រប់គ្រងនិងផ្សព្វផ្សាយដោយ ដួង តារា

Previous Post Next Post