លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា នៅខេត្តព្រៃវែងមានការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ មានភាពងាយស្រួល ឱ្យប្រជាពលរដ្ឋធ្វើស្រែបានច្រើនរដូវ។
លោកបញ្ជាក់ថា «ឆ្នាំ២០២៣នេះ ការផលិតបរិមាណស្រូវ ខេត្តព្រៃវែងគឺជាខេត្ត ដែល ផលិតស្រូវបានច្រើនជាងគេ បើធៀបជាមួយបណ្តារាជធានី ខេត្ត ទាំង២៥ ក្នុងប្រទេសកម្ពុជា ហើយជារៀងរាល់ឆ្នាំ មានបរិមាណផលស្រូវប្រមាណជាង១លាន ៥សែនតោន ទៅ១លាន៦សែនតោន ដែលបានលក់ចេញទៅបណ្តាប្រទេសជិតខាង»។
ចំណែក ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តជាប់លេខ១ លើការផលិតស្រូវដើម្បីផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ និងនាំចេញ ទៅកាន់ ទីផ្សារក្រៅប្រទេស ដែលអាចផលិតស្រូវបានរហូតដល់ទៅប្រមាណ១លានតោន ក្នុងមួយឆ្នាំៗ។
ឯកឧត្តមបន្តថា ខេត្តនេះ មានផ្ទៃដីដាំដុះស្រូវសរុបចំនួន ៣៣៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២៥ម៉ឺនហិកតា និងផ្ទៃដីដាំដុះស្រូវប្រាំងចំនួន ៧៥ពាន់ហិកតា។ វិស័យកសិកម្មនៅក្នុងខេត្តមួយនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ ក្នុងនោះការងារផលិតកម្មដំណាំស្រូវ ខេត្តផលិតបានបរិមាណផលស្រូវ សរុបចំនួនជាង៧លានតោន ជាមធ្យមជាង១លានតោនក្នុងមួយឆ្នាំ បរិមាណស្រូវដែលនៅ សល់ពីការប្រើប្រាស់ ក្នុងខេត្តសរុបចំនួនជាង៥លានតោន សម្រាប់នាំចេញក្នុងនិងក្រៅ ប្រទេស គិតជាថវិកាប្រមាណ ១,២៥០លានដុល្លារ។
ឯកឧត្តមអភិបាលក៏បានលើកឡើងថា លើសពីនេះទៅទៀតខេត្តព្រៃវែង ក៏ជាមាត់ ច្រកសម្រាប់ នាំចេញស្រូវ និងផ្លែស្វាយ ទៅប្រទេសជិតខាងកម្ពុជា ក្នុងនោះ បាននាំ ចេញ ស្រូវសរុបចំនួន ១.២២១.៩៨៨តោន ទទួលបានចំណូលសរុប ៣១១លានដុល្លារ និង បាននាំ ចេញផ្លែស្វាយសរុបចំនួន ៩៣.៣០០តោន ទទួលបានចំណូលសរុប ១៩,៥៩ លានដុល្លារ។
ឯកឧត្តមបន្ថែមថា ក្រៅពីការងារផលិតស្រូវ ខេត្តក៏មានកាងារផលិតដំណាំរួមផ្សំ និង ចិញ្ចឹមសត្វជាច្រើនទៀត ដោយបានបង្កើតឱ្យមានសហគមន៍ផលិតបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សា រក្នុងខេត្ត ក្រៅខេត្ត និងរាជធានីភ្នំពេញ ដែលផលិតបន្លែបានសម្រាប់លក់ទៅ កាន់ទីផ្សារ ប្រមាណជាង៣ម៉ឺនតោន គិតជាមធ្យម១៥ទៅ២០តោនក្នុង១ថ្ងៃ និងមានការចិញ្ចឹមគោ-ក្របី ជ្រូក មាន់ ទា រាប់សិបម៉ឺនក្បាល។ អ្វីដែលលេចធ្លោគួរឱ្យចាប់អារម្មណ៍នោះ គឺការចិញ្ចឹម សត្វទាយកស៊ុត មានបរិមាណជាង១,៥លានក្បាល ដែលអាចផលិតស៊ុតទាបានប្រមាណ ជិត១លានគ្រាប់ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត រាជធានីភ្នំពេញ និងតាមបណ្ដា ខេត្តមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីកសិកម្មក៏បានលើកឡើងដែរថា ក្រៅពីដំ ណាំស្រូវ នៅក្នុងខេត្តព្រៃវែងក៏មានវិស័យដែលមានសក្តានុពលជាច្រើនទៀត ដូចជាការ ចិញ្ចឹម គោ ក្របី និងបក្សីជាដើម។
លោកបញ្ជាក់ថា «ជាក់ស្តែងនៅក្នុងខេត្តព្រៃវែង នៅចំពោះមុខ ពេលមានជំងឺកូវីដ និងក្រោយជំងឺកូវីដ១៩ ខេត្តបានជួយគាំពារដល់ការចិញ្ចឹមសត្វ(បក្សី) ពិសេសនោះគឺ សត្វទា និងមាន់យកស៊ុត ព្រោះប្រើរយៈពេលខ្លីក្នុងការទទួលផល»។ បើតាមលោកប្រធានមន្ទីបាន លើកឡើងថា កន្លងមកខេត្តព្រៃវែងមានសត្វដែលប្រជាពលរដ្ឋ ចិញ្ចឹមជាង២លាន ៥សែនក្បាល តែដោយសារជំងឺកូវីដ១៩ ចំនួនសត្វទាមានការថយចុះ ដោយសារពិបាកក្នុង ការនាំចេញ។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីកសិកម្មអះអាងថា នៅពេលបច្ចុប្បខេត្តព្រៃវែង មានទាចំនួនប្រមាណ១លាន៥សែនក្បាលកំពុងតែចិញ្ចឹម ហើយអាចផលិតពងជាង៩០ ម៉ឺន គ្រាប់ ឬ១លានគ្រាប់ក្នុងមួយថ្ងៃៗ។ លោកថា ពងទាបានផ្តល់ចំណូលជូន ប្រជាពលរដ្ឋ ច្រើនគួរសមផងដែរ គឺមួយគ្រាប់មានតម្លៃ៤០០រៀល៕ ដោយ ៖ ប៊ុនរិទ្ធ







