សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមហ៊ុន អ៊ីហ្ស៊ីខម ( Ezecom) បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការឌីជីថល នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ នៅអគារ The Kampus។ មានវត្តមាននាពិធីនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងគណៈប្រតិភូអញ្ជើញមកពីស្ថាប័នទាំង២។
នាឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ចំពោះកិច្ចសហការជាបន្តបន្ទាប់ រហូតឈានដល់ការចុះអនុស្សរណៈនាពេលនេះ ក្នុងគោលបំណង ចូលរួមលើកទឹកចិត្ត និងគាំទ្រយុវជនអោយចាប់យកជំនាញថ្មីនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បច្ចេកវិទ្យា និងការច្នៃប្រឌិត លើកកម្ពស់ការងារសង្គម ការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្ត រួមទាំងចូលរួមជំរុញបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា អោយកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងតម្រូវការទីផ្សារការងារជាក់ស្តែង។
សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់ រវាង ស.ស.យ.ក. និង អ៊ីហ្ស៊ីខម នេះ នឹងជំរុញដល់ការផ្តល់ឱកាសយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀតជាពិសេសលើបច្ចេកវិទ្យាឌីជីថល និងជំរុញការទាញផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យា និងឌីជីថលូបនីយកម្មក្នុងបរិការណ៍នៃឧស្សាហកម្ម4.0 នៅកម្ពុជា។ បន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារួចមក ក៏មានពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន Telcotech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Ezecom និងអគារ The kampus លើកិច្ចសន្យាជួល (សម្រាប់ការរៀបចំDatabase ) ផងដែរ។



















