របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា មន្រ្តីនគរបាលដែលទទួលលុយពីអ្នកបើកបរ គឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារសរុប១០នាក់។
សូមបញ្ជាក់ថា ករណីផាកពិន័យអ្នកបើកបរដោយមិនចេញ
វិក័យបត្រនេះ បានកើតមានឡើងក្រោយម្ចាស់គណនីហ្វេសបុកម្នាក់មានឈ្មោះថា «គង្គារ លំអរ មង្គល» បានបង្ហោះខ្លឹមសារថា «ប្រយ័ត្នជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ណាស់ ដឹងថាយើងប្រញ៉ាប់ផាក២០០ដុល្លារ ឲ្យបាញ់ចូលកុងហើយបន្លំមិនឲ្យវិក័យបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថាប៉ូលិសចាប់» ។
ក្រោយមានព័ត៌មាននេះកើតឡើង និងមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុករួចមក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវជាបន្ទាន់។
ក្រោយការស្រាវជ្រាវរួចមក លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅក្នុងរបាយការណ៍ ដោយមានចំលើយសារភាពរបស់មន្រ្តីនគរបាល ខែម សុធារិទ្ធថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច លោកបានចុះប្រតិបត្តិការជាមួយក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ បានឃាត់រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ដឹកទំនិញសំពីងសំពោងក្នុងទិសដៅពីកើតទៅលិច។
ពេលឃាត់រួចហើយពិនិត្យឃើញថា អ្នកបើករថយន្តមិនមានបណ្ណបើកបរ និងដឹកសំពីងសំពោង ក៏ត្រូវធ្វើការផាកពិន័យចំនួន ១លាន២សែនរៀល (តាមច្បាប់គ្មានបណ្ណបើកបរត្រូវផាក 1,200,000 រៀល) និងផាកដឹកសំពីងសំពោងចំនួន១៥ម៉ឺនរៀលទៀត។ តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរសម្រេចបាញ់លុយចំនួន ២០០ដុល្លារជូនក្រុមមន្រ្តីនគរបាលទាំងនោះ ដោយមិនចេញវិក័យបត្រ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ក្រោយទទួលបានចំលើយបែបនេះ ចំពោះវិធានការចំពោះមុខ គឺអនុសេនីយ៍ឯក ខឹម សុធារិទ្ធ រួមជាមួយក្រុមការងារសរុប១០នាក់ ត្រូវដកបញ្ឈរជើង និងបញ្ជាឲ្យដកចេញពីគោលដៅនោះផងដែរ៕





