
ភ្នំពេញ៖ កម្លាំងអាវុធហត្ថប្រចាំខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសបរទេសម្នាក់ ដែលនិយាយភាសារចិន ដែលបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ បន្ទាប់ពីមានជម្លោះជាមួយភាគីបរទេសម្ខាងទៀត ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ កាលពីវេលាម៉ោង ១១:១១នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចក្លឹបកម្សាន្តមួយកន្លែង ដែលមានស្លាកយីហោ ក្លឹបលេខ៩ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱក្យដឹងថា គេបានឃើញជនបរទេសប្រុសស្រី ២ក្រុម បានទាស់សម្តីគ្នា រហូតក្លាយជាជម្លោះបង្កជាហិង្សា វាយរថយន្តផង ស្រែកឭៗផង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងបង្កភាពអសន្តិសុខនៅចំណុចទីតាំងខាងលើ។ ប៉ុន្មាននាទីក្រោយមក គេឃើញមានវត្តមានជនមួយក្រុមស្លៀកពាក់ស៊ីវិល បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការឃាត់ខ្លួនបុរសបរទេស ដែលនិយាយភាសារចិនម្នាក់ ក្នុងចំណោមអ្នកបង្កជម្លោះផ្សេងទៀត ដែលបានបើករថយន្តចេញទៅបាត់ ដោយប្រជាពលរដ្ឋសង្ស័យថា ជាការទាស់សម្តីគ្នារហូតឈានដល់ការប្រើអំពើរហិង្សា។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីហិង្សារវាងជនបរទេសទាំងពីរក្រុម កើតឡើងដោយសារការដើរប៉ះគ្នា ឬដើរបុកគ្នា ដោយសារភាគីទាំងសងខាងខ្លាំងរៀងខ្លួន ទើបក្លាយជាជម្លោះពាក្យសម្តី ឈានដល់ការប្រើហិង្សា បង្កភាពអសណ្តាប់ធ្នាប់តែម្តង។ ក្រោយពេលកើតហេតុ ជនស៊ីវិលមួយក្រុមខាងលើ បានលើកបុរសបរទេសនោះ ដាក់លើម៉ូតូយកទៅសាកសួរ តែជនបរទេសខាងលើបានរើបម្រាស់ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសស្រាល ទើបកម្លាំងស៊ីវិលលើកបុរសខាងលើដាក់កង់បីឥណ្ឌា រួចបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថប្រចាំខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕








